របបរាជានិយមជ្រើសតាំង
រាជរដ្ឋាភិបាល
សភាជាតិ
ការបោះឆ្នោត
កែសំរួលចុងក្រោយបំផុត : ១០ តុលា 2008
ដើម្បីផ្តល់ព័ត៌មានថ្មីៗមកយើងខ្ញុំ សូមទំនាក់ទំនងមកកាន់ការិយាល័យនិពន្ធ : redaction@ka-set.info.
បាវចនានៃព្រះរាជាណាចក្រកម្ពុជា : "ជាតិ សាសនា ព្រះមហាក្សត្រ" ភ្ជួរនៅលើជញ្ជាំងសាលាមួយ នៃខេត្តស្វាយរៀង
© ចន វីង / Magnum
របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅលើអាំងទែរណែត ជា ភាសាខ្មែរ បារាំង និង អង់គ្លេស
-ការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ បានបង្កើតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមួយ។
-ព្រះមហាក្សត្រមានព្រះរាជតួនាទីជាប្រមុខរដ្ឋ ទ្រង់ជានិមិត្តរូបជាតិ ដែលច្បាប់បានចែងថា « ព្រះមហក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។» មាត្រាទី៩ ចែងថា « ព្រះមហាក្សត្រមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ អោយមានភាពទៀងទាត់ »។
-រាជរដ្ឋាភិបាល គឺជាអ្នកអនុវត្តអំណាចនីតិប្រតិបត្តិ ដោយប្រមុខរដ្ឋាភិបាលត្រូវបានជ្រើសចេញពីគណបក្សដែលទទួលបានសំលេង គាំទ្រភាគច្រើន ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសេចក្តីស្នើររបស់ប្រធាន និងអនុប្រធានរដ្ឋសភា។
-ព្រះមហាក្សត្រព្រះអង្គទ្រង់គឺជានិមិត្តរូបនៃឯកភាពជាតិ និង មានតួនាទីជានិមិត្តរូបខ្លះៗ ដូចជាការតែងតាំងគណៈរដ្ឋមន្រ្តី និងការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ។ ព្រះអង្គក៏ជាមេបញ្ជាកំពូលនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស។ ព្រះអង្គទ្រង់ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិ ដោយផ្តល់សច្ចាប័នលើច្បាប់ដែលបានអនុម័តយល់ព្រមពីសភាជាតិ និង ប្រកាសអោយប្រើប្រាស់ច្បាប់នោះជាសាធារណៈ។
របបរាជានិយមជ្រើសតាំង
-រាជបល្ល័ងនឹងមិនត្រូវបានគ្រងបន្តដោយរាជ្ជទាយាទនោះទេ។ ក្រុមប្រឹក្សារាជសម្បត្តិគឺជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី បន្ទាប់ពីព្រះមហាក្សត្រមុនទ្រង់សោយទីវង្គត ឫ ទ្រង់ដាក់រាជ្យសម្បត្តិ ឫក៏ ទ្រង់ចូលនិវិត្ត។
-ថ្ងៃទី២៤ កញ្ញា ១៩៩៣ បន្ទាប់ពីការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រសាជាថ្មី ។
© ចន វីង / Magnum
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជួយសម្រុះសម្រួល ក្នុងការដាក់រាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ។ ថ្ងៃបន្ទាប់ តំណាងរាស្ត្របានធ្វើការប្រជុំមួយដើម្បីអនុម័តនូវច្បាប់ស្តីអំពី ដំណើរការរបស់ក្រុម ប្រឹក្សារាជសម្បត្តិ ដូចដែលមានចែងក្នុងច្បាប់ធម្មនុញ្ញ ដើម្បីធ្វើការជ្រើសរើសព្រះមហាក្សត្រថ្មី។ ថ្ងៃទី១៤ ខែតុលា សមាជិកក្រុមប្រឹក្សានេះ (រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចព្រះសង្ឃរាជគណៈមហានិកាយ និង គណៈធម្មយុត្តិនិកាយ អនុប្រធានទីមួយនិងអនុប្រធានទីពីរព្រឹទ្ធសភា ហើយនឹងអនុប្រធានទីមួយនិងអនុប្រធានទីពីររដ្ឋសភា) បានសម្រេចជាឯកច្ឆ័ន ជ្រើសរើសយក សម្តេច នរោត្តម សីហមុនី ព្រះរាជបុត្រារបស់ព្រះបាទ នរោត្តម សីហនុ និងសម្តេចអគ្គមហេសី មុនីនាថ។ ពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ បានប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃបន្ទាប់មក។
រាជរដ្ឋាភិបាល
ការបោះឆ្នោតគាំទ្រក្នុងរដ្ឋសភា ត្រូវសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រី មុនពេលនាយករដ្ឋមន្រ្តីធ្វើការតែងតាំងសមាជិករាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីអាចតែងតាំងបានតែសមាជិកសភា ឫក៏តំណាងរាស្រ្តរបស់គណបក្ស របស់ខ្លួនតែប៉ុណ្ណោះ មកចូលរួមក្នុងរាជរដ្ឋាភិបាល។
កៅអីអង្គុយសម្រាប់សម្តេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធរដ្ឋសភាជាតិ កាលពីថ្ងៃទី៧កក្កដា២០០៧
© ចន វីង / Magnum
យោងតាមមាត្រាទី១០២នៃច្បាប់ធម្មនុញ្ញ គ្រប់សមាជិករាជរដ្ឋាភិបាលទាំងអស់ត្រូវទទួលខុស ត្រូវរួមគ្នានៅចំពោះមុខរដ្ឋសភា និង ត្រូវទទួលខុសត្រូវជាលក្ខណៈបុគ្គល នៅចំពោះមុខនាយករដ្ឋមន្ត្រី។
សភាជាតិ
ទីតាំងរដ្ឋសភាថ្មីត្រូវបានសម្ពោធកាលពីថ្ងៃទី៧កក្កដា២០០៧
© ចន វីង / Magnum
រដ្ឋសភាមានសមាជិកសភាសរុបទាំងអស់ចំនួន ១២៣នាក់ ដែលត្រូវបោះឆ្នោតជាសកល ដោយ សេរី ដោយស្មើភាព និងដោយសម្ងាត់ រៀងរាល់ប្រាំឆ្នាំម្តង ។ រដ្ឋសភាជាតិ ត្រូវបើកសម័យប្រជុំពីរលើកក្នុងមួយឆ្នាំ ដែលក្នុងការប្រជុំមួយលើកៗមានថេរៈវេលាយ៉ាងតិចបំផុតចំនួនបីខែ។
អគារព្រឹទ្ធសភាត្រូវបានគូសប្លង់ដោយស្ថាបត្យករខ្មែរ វណ្ណ មូលីវណ្ណ
© ចន វីង / Magnum
សេចក្តីព្រាងច្បាប់ដែលពិនិត្យដោយសមាជិកសភា ដែលភាគច្រើនចេញមកពីក្នុងជួររដ្ឋាភិបាល
នៅក្នុងរដ្ឋសភាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមានចំនួន៧៣អាសនៈ គណបក្សហ្វ៊ុនស៊ីនបិច មាន២៦ អាសនៈ ហើយនឹងគណបក្ស សម រង្ស៊ីមាន២៤ អាសនៈ។
ចំពោះព្រឹទ្ធសភាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមានចំនួន៤៥អាសនៈ គណបក្សហ្វ៊ុន ស៊ីនបិចមាន១០អាសនៈ និងគណបក្ស សម រង្ស៊ីមាន២អាសនៈ។
គ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណអាចបោះឆ្នោតបាន។
អាចឈរឈ្មោះបោះឆ្នោតបានគ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី២៥ ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណ
ចាប់តាំងពីការបង្កើតព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាដែលជាប្រទេសប្រកាន់របបពហុបក្ស ធ្លាប់បានបោះឆ្នោតសភាជាតិចំនួន ៣លើក(ឆ្នាំ១៩៩៣ ១៩៩៨ ២០០៣) និង បោះឆ្នោតជ្រើសរើសសមាជិកឃុំសង្កាត់ចំនួន២លើក (ឆ្នាំ២០០២ ២០០៧) និងការបោះឆ្នោតព្រឹទ្ធ សភាចំនួនមួយលើក (២០០៦)។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គឺជាស្ថាប័នទទួលបន្ទុករៀបចំការបោះឆ្នោត និងដឹកនាំដំណើរការបោះឆ្នោតជាតិ បោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតឃុំសង្កាត់។ សូមបើកមើលគេហទំព័ររបស់អង្គការសង្កេតមើលការបោះឆ្នោត ឯករាជ្យចំនួនពីរអង្គការ គឺអង្គការ ខុមហ្រ្វែល និង និកហ្វីក
ការរាប់សន្លឹកឆ្នោតនៅក្នុងសាលារៀនវត្តភ្នំ សម្រាប់ការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ កក្កដា២០០៣
© ចន វីង / Magnum
គណបក្សនយោបាយ
គណបក្សនយោបាយប្រមាណជាង៤០ បានចុះបញ្ចីនៅក្រសួងមហាផ្ទៃ ប៉ុន្តែ យោងតាមលោក សក់ សេដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គណបក្សសំខាន់ៗមាន:
- គណបក្សប្រជាជនកម្ពុជា មានសម្តេច ជា ស៊ីម ជាប្រធានដែលដឹកនាំចាប់តាំងពីឆ្នាំ ១៩៧៩
- គណបក្សហ្វ៊ុន ស៊ីនប៉ិច ( រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត្យ សន្តិភាពនិងសហប្រតិបត្តិការ) ដឹកនាំដោយលោក កែវ ពុទ្ធរស្មី
-គណបក្ស នរោត្តម រណឫទ្ធិ ដែលមានសម្តេចក្រុមព្រះជាព្រះប្រធាន
- គណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាន
-គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា
No comments:
Post a Comment