Tuesday, August 26, 2008

សម្ដេច​ហ៊ុនសែន​ «ខ្ញុំ​មិន​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់គុក​ដោយ​សារ​ការ​សរសេរ​អត្ថបទ​នោះ​ទេ»

សៀមរាប​ ៖​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អះអាង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ ប្រមាណ​១២០​នាក់ ​មក​ពី​៤២​ប្រទេស​ថា​ «រាជរដ្ឋាភិបាល​កម្ពុជា​អបអរ​សាទរ​ចំពោះ​មតិ​របៀប​ណា​ក៏​ដោយ​ លើកលែង​តែ​វេទិកា​ដែល​បញ្ចេញ​មតិ​ញុះញង់​ឲ្យ​មាន​សង្គ្រាម​ ឲ្យ​មាន​អំពើ​ហិង្សា​ ឲ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ សាសនា​ ជនជាតិ​ដែល​ច្បាប់​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​ហាម​ឃាត់»​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏​បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថា​ រូប​លោក​ផ្ទាល់​ «មិន​ចង់​ឃើញ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ជាប់គុក​ដោយសារ​ការ​សរសេរ​អត្ថបទ​ ហើយ​រដ្ឋាភិបាល​ក៏​មិន​ចង់​ចំណាយ​ប្រាក់កាក់​ទៅលើ​ការ​ចិញ្ចឹម​មនុស្ស​ក្នុង ​ពន្ធនាគារ​បែប​នោះ​ដែរ​ ។​ នេះ​ជា​រឿង​ដែល​យើង​មិន​ចង់​ឃើញ»​ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ឱកាស​ថ្លែង​បើក​សិក្ខា​សាលា​ក្រៅ​ផ្លូវការ​លើក​ទី​៨​របស់​ ASEM​ (កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប)​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ សេរីភាព​ការ​បញ្ចេញ​មតិ​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​សណ្ឋាគារ​សុខា​អង្គរ​ ខេត្ត​សៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​នេះ​ ។

សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ សិទ្ធិមនុស្ស​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ សុទ្ធតែ​អាច​កើត​មាន​ មិន​បាច់​ប្រកាន់​ស្ថានភាព​ក្រ​ឬ​មាន​ របប​នយោបាយ​ ជនជាតិ​សាសនា​នោះ​ទេ​ ។​ ក្នុង​ស្មារតី​នេះ​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​មាន​ជាប់​នឹង​ខ្លួន​មនុស្ស​ ហើយ​ដែល​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ការពារ​និង​អភិវឌ្ឍន៍​សិទ្ធិ​នេះ​ឲ្យ​ កាន់​តែ​រីកចម្រើន​ធំធាត់​ថែម​ទៀត​ស្រប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ មនុស្ស​ ។​ ជា​ការពិត​ទៅ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​គ្រប់​មនុស្ស​គិត​ទាំង​ ប្រជាជន​កម្ពុជា​ផង​ ចាត់​ថា​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​ការ​ទាក់ទង​គ្នា​ និង​សម្រាប់​ការ​ផ្ដល់​យោបល់​ទៅ​វិញ​ទៅមក​ ដើម្បី​ធ្វើ​ឲ្យ​សេរីភាព​រស់នៅ​មាន​សេចក្ដី​សុខ​ មាន​ការ​រីកចម្រើន​និង​មាន​ផលប្រយោជន៍​ដូចៗ​គ្នា​ ។

សម្ដេច​ហ៊ុន សែន​ បាន​បង្ហាញ​ថា​ កម្ពុជា​បច្ចុប្បន្ន​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង​២.០០០​ សារព័ត៌មាន​ប្រមាណ​ជិត​៥០០​ សុទ្ធតែ​មិន​អាច​ត្រួតត្រា​បាន​ទេ​ ។​ កម្ពុជា​មាន​សមាគម​អ្នក​កាសែត​ប្រមាណ​១៥​អង្គការ​ខុសៗ​គ្នា​ ។​ ពួក​គេ​ទាំងអស់​នោះ​កំពុង​ដំណើរ​ការ​ដោយ​សេរី​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​ពិសេស​ការ​ជួប​ប្រជុំ​នានា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​ មនុស្ស​ គឺ​សុទ្ធតែ​ជា​សក្ខីភាព​ដ៏​ប្រត្យក្ស​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​មោះមុត​ ឥតងាករេ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​នៅ​ក្នុង​ការ​ អនុវត្តន៍​ជាក់ស្ដែង​ ។

សរុប​មក​កម្ពុជា​មាន​ឧបករណ៍​ច្រើន​យ៉ាង​សម្រាប់​ការ​បញ្ចេញ​មតិ​តាំងពី​ ការ​បោះពុម្ព​ ការ​ផ្សាយ​តាម​សំឡេង​ ការ​ផ្សាយ​រូបភាព​ ការ​ធ្វើ​បាតុកម្ម​ កូដកម្ម​រហូត​ដល់​ការ​បោះឆ្នោត​ ។

លោក​ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ ASEM​ បាន​ជ្រើសរើស​កម្ពុជា​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សិក្ខាសាលា​ក្រៅ​ផ្លូវ ​ការ​លើក​ទី​៨​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ ក្រោម​ប្រធាន​បទ​ «សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»​ ដែល​សិក្ខា​សាលា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ (ចាប់​ពី​ថ្ងៃ​ទី​២៦​ ដល់​២៨​ខែ​កញ្ញា​ឆ្នាំ​២០០៧)​ នៅ​ខេត្ត​សៀមរាប​ ។

ជា​ព្រឹត្តិការណ៍​នយោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សិក្ខាសាលា​អន្តរជាតិ​មួយ​ដែល​មាន​ ប្រទេស​ចំនួន​៤៣​ចូលរួម​ ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​អឺរ៉ុប​ចំនួន​២៧​ប្រទេស​ និង​មក​ពី​អាស៊ី​ចំនួន​១៦​ប្រទេស​ ព្រមទាំង​អ្នក​សង្កេតការណ៍​មកពី​គណៈកម្មការ​អឺរ៉ុប​និង​លេខាធិការ​អាស៊ាន​ មួយ​ចំនួន​ទៀត​ដែល​មាន​មនុស្ស​ប្រមាណ​ចំនួន​១២០​នាក់​ ។

កិច្ច​ប្រជុំ​អាស៊ី​ -​ អឺរ៉ុប​ (ASEM)​ គឺ​ជា​វេទិកា​លើក​កម្ពស់​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​បណ្ដា​ប្រទេស​ នៅ​អាស៊ី​និង​អឺរ៉ុប​ ដែល​ឆ្លុះ​បញ្ចាំង​ឡើង​តាម​រយៈ​ដំណើរការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ច​ ពិភាក្សា​ក្នុង​គោលបំណង​ពង្រឹង​ការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​តំបន់​អាស៊ី ​និង​អឺរ៉ុប​​ការ​កសាង​ជំនឿ​ទុកចិត្ត​និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ASEM​ ក្នុង​ប្រទេស​សិង្ហបុរី​នាខែ​កុម្ភៈ​ ឆ្នាំ​១៩៩៧​ ប្រទេស​ស៊ុយអែត​ និង​ប្រទេស​បារាំង​បាន​លើក​សំណើ​បង្កើត​ឲ្យ​មាន​ការ​រៀបចំ​សិក្ខាសាលា​ក្រៅ​ ផ្លូវការ​ស្ដីពី​សិទ្ធិ​មនុស្ស​សម្រាប់​ក្របខ័ណ្ឌ​ ASEM​ ។​ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​តាមរយៈ​កិច្ច​ពិភាក្សា​ ផ្នែក​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ និង​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​អឺរ៉ុប​និង​អាស៊ី​ ។​ ហើយ​ចាប់​ពី​ឆ្នាំ​១៩៩៧​មក​ ASEM​ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​សិទ្ធិ​មនុស្ស​ចំនួន​៧​លើក​រួច​មក​ហើយ​ ។

លើក​ទី​១​ ត្រូវ​បាន​ធ្វើ​នៅ​ទីក្រុង​លូដ​ (LUND)​ ប្រទេស​ស៊ុយអែត​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៩៧​ ក្រោម​ប្រធាន​បទ​ «ការ​ទទួល​បាន​នូវ​យុត្តិធម៌​ ចំណុច​ពិសេស​របស់​ជាតិ​ និង​តំបន់​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌​ និង​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​ផ្នែក​យុត្តិធម៌»​ ។​ លើក​ទី​៧​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៊ុយដាប៉េស​ (BUDAPEST)​ ប្រទេស​ហុងគ្រី​ នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ ក្រោម​ប្រធាន​បទ​ «សិទ្ធិ​មនុស្ស​និង​ជនជាតិ​ភាគតិច​ ភាសា​និង​សាសនា​នៃ​ជនជាតិ​ភាគតិច»​ ។

សិក្ខាសាលា​ក្រៅ​ផ្លូវ​ការ​ របស់​ ASEM​ លើក​ទី​៨​ស្ដី​ពី​សិទ្ធិ​មនុស្ស​នឹង​ពិភាក្សា​អំពី​ប្រធាន​បទ​ក្រោម​ចំណង​ ជើង​ថា​ «សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»​ ដូច​មាន​ចែង​ក្នុង​មាត្រា​១៩​ នៃ​សេចក្ដី​ថ្លែង​ការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ «មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ​និង​ការ​សម្ដែង​ មតិ»​ ។​ សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការ​ ជ្រៀតជ្រែក​និង​សេរីភាព​ក្នុង​ការ​ស្វែងរក​ការ​ទទួល​និង​ការ​ផ្សព្វផ្សាយ​ ព័ត៌មាន​ និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន​ ទោះ​តាម​រយៈ​មធ្យោបាយ​ណាមួយ​ក៏​ដោយ​ ៕

No comments:

Post a Comment